តំណាងគ្រឹះស្ថានសិក្សា សិស្ស និស្សិត និងប្រជាពលរដ្ឋ គាំទ្រប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិកនៅកម្ពុជាជាដាច់ខាត

 ភ្នំពេញ ៖ តំណាងគ្រឹះស្ថានសិក្សា សិស្ស និស្សិត និងប្រជាពលរដ្ឋ បាននាំគ្នាគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិកនៅកម្ពុជាជាដាច់ខាត ដោយសារផលិតផលនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត។

ការគាំទ្រនូវប្រសាសន៍សម្តេចបវរធិបតីយ៉ាងក្លៀវក្លានេះ បានធ្វើឡើងនៅក្នុងពិធី ប្រកាសនិងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី នៃការប្រកួតបង្កើតស្នាដៃផលិត វីដេអូ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។

នាឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានរំលឹកពីប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលបានណែនាំដល់មន្រ្ដីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិករបស់យុវជនទាំងនៅតាមសាលារៀន និងសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ។ 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា យើងមានក្តីកង្វល់យ៉ាងខ្លាំងចំពោះការរីករាលដាលនៃការប្រើប្រាស់ និងការចែកចាយលក់ បារីអេឡិចត្រូនិកទៅកាន់កុមារតូចៗ និងយុវជនដែលជា សិស្ស និស្សិត ដូច្នេះដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់មូលធនមនុស្សរបស់កម្ពុជា ដែលបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធបានជំរុញឱ្យគ្រឹះស្ថានសិក្សាតាំងពីកម្រិតមធ្យមសិក្សារហូតដល់ឧត្តមសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រកួតផលិត វីដេអូ អប់រំស្តីពីផលប៉ះពាល់ នៃការប្រើឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់។ ការប្រកួតនេះ បានទទួលការចូលរួមគ្រឹះស្ថានសិក្សាចំនួន៣៦ និងផលិតវីដេអូបានចំនួន៩៨ ដែលបានបង្ហោះ ក្នុងបណ្ដាញព័ត៌មានសង្គម មានដូចជា FACEBOOK TIKTOK YOUTUBE INSTAGRAM និងមានអ្នកចូលមើលវីដេអូរាប់លាននាក់ទៀតផង។  

សិស្ស និស្សិត ជ័យលាភី ចំនួន៥ក្រុម តំណាងគ្រឹះស្ថានសិក្សា និង យុវជនទាំងអស់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូអប់រំពីផលប៉ះពាល់ពីការប្រើឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ បានសម្តែងនូវគាំទ្រប្រសាសន៍សម្តេច បវរធិតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់បារីអេឡិចត្រូនិក ជាពិសេសបិទការនាំចូលកុំឱ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជាតទៅទៀត ហើយសុំឱ្យរាជរដ្ឋាភិបាលបង្កើនការរឹតបណ្តឹងច្បាប់ នូវរាល់ការលួចលាក់ចរាចរណាមួយដោយអនុវត្តវិធានការឱ្យបានតឹងរឹងបំផុតចំពោះអ្នកចែកចាយ អ្នកជក់ ដើម្បីទទួលបាននូវធនធានមនុស្សដែលល្អ មូលធនមនុស្សមានសក្កដានុពលសម្រាប់បំរើប្រទេសជាតិ។

តាមអង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗនៅលើពិភពលោកបានរកឃើញថា បារីអេឡិចត្រូនិក មានផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀន និងសារធាតុពុលផ្សេងទៀត ដែលបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង ប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍ជាដើម។ ការសាកល្បងប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ជាផ្លូវនាំឲ្យក្រុមមនុស្សវ័យជំទង់និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។

សូមបញ្ជាក់ថា ការប្រកួតស្នាដៃផលិតវីដេអូអបរំស្ដីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់បានរកឃើញម្ចាស់ជ័យលាភីចំនួនបីមានគឺ ៖ ម្ចាស់ជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល , ម្ចាស់ជ័យលាភីលេខ២ មកពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងម្ចាស់ជ័យលាភីលេខ៣ មកពីវិទ្យាល័យ ជាស៊ីមឈូកវ៉ា។ ចំណែកឯអ្នកត្រូវបានទទួលការលើកទឹកចិត្តគឺបានទៅសាលាវ៉េស្ទឡាញសាខាចម្ការដូង និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *