ជប៉ុនផ្តល់ថវិកាជាង១៤ម៉ឺនដុល្លារអាមេរិក សម្រាប់ការសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាចំនួន ១៤០,៧៨១ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណ៌ ។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា ជំនួយនេះ ដើម្បីអនុវត្តគម្រោងសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង ដែលត្រូវសាងសង់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
អគារទាំងនេះនឹងជួយផ្តល់សុវត្ថិភាព និងការការពារដល់ជនរងគ្រោះ ក៏ដូចជាជួយឱ្យបុគ្គលិកអាចផ្តល់សេវា ថែទាំដែលសមស្រប។ គម្រោងនេះដែរក៏នឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវកាយ ឬ ផ្លូវចិត្ត ដើម្បីអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ។
ឯកឧត្តម ជា សុមមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនិតិសម្បទា បានសម្តែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន តែងតែផ្តល់ជំនួយឥតសំណង ដោយបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលជប៉ុន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់កិច្ចប្រឹងប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ក្នុងកិច្ចការពារជនរងគ្រោះ និងកិច្ចអន្តរាគមដល់ប្រជាពលរដ្ឋលើសេវាឆ្លើយតបតម្រូវការចាំបាច់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនពីជំហររបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការការពារ និងការជួយសង្រ្គោះជនងាយរងគ្រោះដោយអំពើជួញដូមនុស្ស គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តនិងគោលនយោបាយ ឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅទប់ស្កាត់ បង្រ្កាបបទល្មើសជួញដូរមនុស្សគ្រប់រូបភាព និងជួយជនរងគ្រោះ។
ការសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយអំពើជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង ជាជំនួយឥតសំណងរបស់ជប៉ុន គឺពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការងារចំពោះមុខរបស់ក្រសួង ដើម្បីប្រើប្រាស់ក្នុងគោលបំណងជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សរួមមាន៖ ការស្នាក់នៅបណ្តោះអាសន្ន កាហូបចុក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបំណិនជីវិត ប្រកបដោយសុខសុវត្ថិភាព បរិយាបន្ន និងគ្មានការរើសអើងជាតិសាសន៍។
សូមបញ្ជាក់ថា គម្រោងគូសាណូណ៌បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ជាង៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
