ភ្នំពេញ ៖ ប្រធានាធិបតីទីម័រឡេស្តេ លោក ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) បានបង្ហោះសារតាមបណ្ដាញសង្គម ដោយបានចាត់ទុក សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក។
តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរថា “ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។ សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។
ខ្ញុំជាអ្នកបើកបរជូនគាត់កាលពីម្សិលមិញ។”
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៃទីក្រុងឌីលី ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយយៈពេល៣ថ្ងៃ នៅប្រទេសទីម័រឡេស្តេ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសទីម័រឡេស្តេ ប្រកបដោយសុវត្ថិភាព។