ភ្នំពេញ ៖ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington បានអះអាងថា អាមេរិកចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងប្រែក្លាយជម្លោះឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង។
ការបញ្ជាក់របស់ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានធ្វើឡើងក្នុងពេលជួបជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងកម្ពុជា និងជំរុញអាទិភាពរួមក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។
សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក បានឱ្យដឹងថា គណៈប្រតិភូសភាដឹកនាំដោយ លោក Adam Smith បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែន និងប្រែក្លាយឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង។
នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា លោកសមាជិកសភា Smith ក៏បានជួបប្រជុំជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា ដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងការធានាឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។
ស្ថានទូតអាមេរិកបានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសុវត្ថិភាព និងវិបុលភាព៕
