ព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៣នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេង ខណៈអ្នកបើកបររថយន្តលួចបង្ហូរសាំងលក់ឱ្យម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្ន ក៏បង្កជាអគ្គិភ័យឆេះរាលដាលដល់ផ្ទះ២ខ្នង។
គ្រោះថ្នាក់នេះបានកើតឡើង នៅវេលាម៉ោង ១១:៤០យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើយោងតាមសាក្សីឈ្មោះ ភក្ដី គារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ បានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់ឱ្យទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន ២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។
ក្នុងករណីអគ្គិភ័យខាងលើបណ្តាលឱ្យឆេះរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខ ភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ម៉ូតូចំនួន៥គ្រឿង ទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០មុឺនដុល្លារ ព្រមទាំងបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៣នាក់។ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីមានទំហំទទឹង ៤ម៉ែត្រ×៦ម៉ែត្រ (អស់ទាំងស្រុង)។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់ស័ង្កសី មានទំហំទទឹង៧ម៉ែត្រ×១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឱ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន ៣នាក់ អាយុ១៨ឆ្នាំ
១៥ឆ្នាំ និង១៣ឆ្នាំ។
ក្នុងករណីអគ្គិភ័យនេះ កម្លាំងនគរបាលបង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន ២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ២គ្រឿង បានប្រើប្រាស់ទឹកអស់២រថយន្ត ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕